Reahoo Chabchan

រឿងខ្យងស័ង្ខ

ប្រភពរឿង៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។
ប្រភេទ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។
ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ)
កាលកំណត់តែង៖ ១៧២៩
អ្នកនិពន្ធ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)
រឿងសង្ខេប៖
នាសម័យព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វ មានស្តេចមួយអង្គព្រះនាមវិមលរាជ សោយរាជ្យនៅសោឡសមហានគរ មានមហេសីពីរអង្គ។ មហេសីទីមួយព្រះនាមចន្ទទេវី មហេសីទីពីរព្រះនាមឆន្ទា។ ព្រះបាទវិមលរាជទ្រង់សព្វព្រះរាជហឫទ័យព្រះមហេសីទាំងពីរក្រៃលែង។ ថ្ងៃមួយដោយទ្រង់ឈ្វេងយល់ថា ព្រះ​អង្គនៅពុំទាន់មានបុត្រសម្រាប់ស្នងរាជ្យនៅឡើយ ព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីររបស់ព្រះអង្គថា បើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសី។ ក្រោយពីនេះមក មហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសុំបុត្រ។ ព្រះនាងចន្ទទេវី ក៏បានតាំងពិធីបួងសួងសុំបុត្រដោយការរក្សាសីលភាវនាយ៉ាងខ្ជាប់ខ្ជួន ដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាង បានធ្វើឲ្យក្តៅក្រហាយទៅដល់ឋានព្រះឥន្ទ្រៗក៏សុំយាងព្រះពោធិសត្វយោនយកកំណើតក្នុងផ្ទៃ​ព្រះនាងច័ន្ទទេវី។ ចំណែកឯព្រះនាងឆន្ទាទ្រង់មិនបានតាំងសីលដូចព្រះនាងចន្ទទេវីទេ គឺនាងទៅធ្វើការបូជាដើមព្រះជ្រៃដើម្បីអធិដ្ឋានប្រាថ្នាសុំបុត្រ នៅពេលនោះដែរទេពធីតារក្សាដើមជ្រៃបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងឆន្ទា។ ក្រោយពេលពិធីសុំបុត្រចប់ ព្រះមហេសីទាំងពីរតែងតែនាំគ្នាចូលគាល់ព្រះមហាក្សត្រជាប្រក្រតី។ ថ្ងៃមួយព្រះបាទយសវិមលរាជ្យទ្រង់យល់ថា ទឹកមុខរបស់មហេសីទាំងពីររបស់ព្រះអង្គមានទឹកមុខ​ខុសប្លែកពីសព្វមួយដង ព្រះអង្គក៏ទ្រង់សួរទៅមហេសីចន្ទទេវីអំពីការរៀបចំពិធីសុំបុត្រ។ នៅពេល​នោះព្រះនាងចន្ទទេវីបានមានព្រះបន្ទូលថា ព្រះនាងយល់សុបិន្តឃើញរាហ៊ូពាំព្រះចន្ទ្រមកថ្វាយ​ដល់ព្រះនាង ព្រះនាងក៏បានទទួលយកព្រះចន្ទ្រដោយក្តីត្រេកអរមហិមា តែរំពេចនោះព្រះចន្ទ្រ​ដែលមានពន្លឺភ្លឺត្រចះត្រចង់ប្រែក្លាយទៅជាពណ៌ខ្មៅងងឹតសូន្យសុង ពេលនោះព្រះចន្ទ្រក៏បាន​ព្រាត់ចេញពីដៃរបស់ព្រះនាង។ ព្រះនាងក៏ដូលសន្លប់ដល់ក្ស័យជន្មា។ ក្រោយមករាហ៊ូក៏បាននាំ​យកព្រះចន្ទ្រយកមកឲ្យនាងវិញ ហើយព្រះនាងក៏មានព្រះជន្មឡើងវិញ។ ដោយក្តីអាណិតចំពោះ​មហេសី ព្រះបាទយសវិមលរាជក៏បានបញ្ជាឲ្យហោរាទស្សន៍ទាយអំពីការយល់សប្តិរបស់ព្រះនាង។ ហោរាបាននិយាយថា ព្រះនាងចន្ទទេវីគឺមានរាជបុត្រាដែលជាទេវតាបានមកចាប់បដិសន្ធិក្នុងផ្ទៃ​ព្រះនាង ហើយនៅពេលអនាគតព្រះរាជបុត្រអង្គនេះនឹងឡើងសោយរាជ្យជំនួសព្រះអង្គ។ ក្រោយ​ពីលឺទំនាយបែបនេះ ជាហេតុបណ្តាលឲ្យព្រះនាងឆន្ទាផ្ទំពុំលក់ពេញមួយរាត្រី ព្រោះព្រះនាងគិត​ថាកូនខ្លួនអាចជាកូនស្រី ក្រែងគ្មានបានវាសនាអាចស្នងរាជ្យដូចបុត្រព្រះនាងចន្ទទេវី។ ដោយគិត​សព្វគ្រប់ទៅព្រះនាងក៏បានឲ្យគេចេញទៅរកគ្រូស្នេហ៍ម្នាក់ឈ្មោះយាយស្មេធា ព្រះនាងឆន្ទាក៏បាន​ឲ្យយាយស្មេធាធ្វើស្នេហ៍ដាក់ព្រះបាទយសវិមលរាជ ក្រោយពីត្រូវស្នេហ៍របស់ព្រះនាងឆន្ទា ព្រះអង្គក៏បានបណ្តេញព្រះនាងចន្ទទេវីតាមរយៈការញុះញង់របស់ព្រះនាងឆន្ទាទោះបីជាព្រះអង្គ​ដឹងថាព្រះនាងចន្ទទេវីមានផ្ទៃពោះក៏ដោយ។ ក្រោយពីព្រះស្វាមីបានបណ្តេញចេញពីព្រះនគរ ព្រះនាងក៏ធ្វើដំណើរដោយគ្មានមាសប្រាក់សូម្បីតែបន្តិច ព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅ​លើខ្លួនរបស់ព្រះនាង ត្រូវនាងឆន្ទារឹបអូសគ្មានសល់។ នៅពេលដែលព្រះនាងកំពុងតែធ្វើដំណើរ​ទៅដល់ព្រៃជ្រៅ ព្រះនាងបានជួបនឹងដូនចាស់ម្នាក់ ព្រះនាងក៏បានសុំដូនចាស់នោះស្នាក់នៅជា​មួយ ហើយព្រះនាងតែងតែប្រកបរបរកាប់ឧសលក់។ ដោយយល់ឃើញថា រៀងរាល់ថ្ងៃព្រះមាតាតែងតែប្រកបការងារដោយលំបាក ព្រះ​អង្គ​ក៏តាំងអធិដ្ឋានថា ប្រសិនបើព្រះ​អង្គជាតួអង្គពោធិសត្វ សូមឲ្យនៅពេលដែលព្រះអង្គប្រសូតមកឲ្យមានខ្យងស្រោបមកជាមួយ។ លុះដល់ខែកំណត់នៃការប្រសូត ព្រះនាងទ្រង់ប្រសូតនូវព្រះរាជបុត្រមួយព្រះអង្គដែលរុំស្រោប​ដោយសម្បកខ្យង ដែលមានពន្លឺភ្លឺរលោង ព្រះនាងបានយកខ្យងនោះមកឱបថើប។ ដំណើរជីវិត​របស់ព្រះនាង និងបុត្របានប្រព្រឹត្តទៅរយៈពេលបីឆ្នាំ។ ថ្ងៃមួយព្រះនាងបានទៅកាប់ឧសនៅក្នុង​ព្រៃដូចសព្វដង តែថ្ងៃនោះព្រះនាងបានទុកដាក់អង្ករប្រហែស។ ខ្យងស័ង្ខដោយឃើញពីទុក្ខវេទនា​របស់មាតាចំពោះការខិតខំរកស៊ីទ្រង់ក៏ចេញពីស្រោមចុះមកដេញមាន់នឹងរៀបចំផ្ទះ។ ចំណែកឯ​ព្រះនាងចន្ទទេវី ក្រោយពេលទៅដល់ព្រៃកាប់​ឧស​មួយសន្ទុះព្រះនាងក៏នឹកឃើញថាថ្ងៃនេះពេល​ចេញមកព្រះនាងមិនបានទុកដាក់របស់របរបានល្អ។ ព្រះនាងទ្រង់យាងត្រឡប់មកកាន់ខ្ទមរបស់​ខ្លួន។ ព្រះនាងទ្រង់មើលពីចម្ងាយឃើញហាក់បីដូចជាមានមនុស្សនៅក្នុងខ្ទម។ ពេលមកដល់ទ្រង់​មិនឃើញ ព្រះនាងក៏សញ្ជឹងគិតថានៅក្នុងខ្ទមនេះមានតែទ្រង់និងបុត្រ វាមិនអាចមានមនុស្សណា​ផ្សេងឡើយ។ នៅថ្ងៃស្អែកឡើងព្រះនាងក៏យាងធ្វើជាទៅកាប់ឧសដូចរាល់សព្វមួយដង ប៉ុន្តែព្រះ​នាងធ្វើជាភ្លេចគ្របទុកដាក់អង្ករឲ្យបានជិត។ ខ្យងស័ង្ខដោយគិតថាមាតាភ្លេច ហើយដោយក្តី​អាណិត ក៏​បានចេញពីស្រោមមករៀបចំដូចលើកមុន។ ព្រះនាងចន្ទទេវីដែលពួននៅក្រោយខ្ទមក៏​ស្ទុះចេញមកឱបក្រសោបបុត្រ​លួងលោមគ្រប់បែបយ៉ាងមិនឲ្យខ្យងស័ង្ខចូលក្នុងស្រោមវិញ។ ព្រះ​នាងចន្ទទេវីបានយកសំបកខ្យងទៅវាយបំបែក ព្រោះព្រះនាងភ័យខ្លាចខ្យងស័ង្ខចូលក្នុងស្រោម​វិញ។ ចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងនាំរបស់របរមកជូនព្រះនាងមិនដែលខាន។ ដំណឹង​នេះ​បានលឺទៅដល់ព្រះនាងឆន្ទាដែលមានបុត្រី ដោយសេចក្តី​ភ័យខ្លាចការវិលត្រឡប់របស់ខ្យងស័ង្ខ និងចន្ទទេវីមកសោយរាជ្យសម្បត្តិ ព្រះនាងឆន្ទាបានប្រើឧបាយ​កលដោយប្រាប់ព្រះបាទយស​វិមលរាជថាព្រះនាងចន្ទទេវី ជាស្រី្តដែលភិតក្បត់មានសាហាយ ហើយបង្កើតបានកូនប្រុសម្នាក់ ដែលកូនប្រុសនេះជាសាហាយរបស់ព្រះនាងចន្ទទេវី។
ក្រោយពីលឺដំណឹងនេះព្រះបាទយសវិមលរាជទ្រង់ បានបញ្ជាឲ្យគេទៅចាប់ខ្យងស័ង្ខយកមក​សម្លាប់។ ពេជ្ឃ​ឃាដចាប់ខ្យងស័ង្ខបាន គេចងដៃចងជើងខ្យងស័ង្ខដូចជាអ្នកទោស។ បន្ទាប់មក​ពេជ្ឃឃាដយកដាវមកកាប់ករបស់ខ្យងស័ង្ខ ប៉ុន្តែដោយអំណាចអានិសង្ស អាវុធនោះបានប្រែក្លាយ​ទៅជាពុកផុយ បាក់ខ្ទេចខ្ទីអស់។ ពេជ្ឃ​ឃាដក៏យកលំពែងមកចាក់រាជកុមារ លំពែងនោះទៀត​សោតក៏ក្លាយជាផ្កាទៅវិញ។ ព្រះវិមលរាជ ក៏ប្រើពេជ្ឃ​ឃាដយករាជកុមារចងដៃចងជើងបោះ​ទំលាក់ចូលទឹក។ ព្រះនាងចន្ទទេវីឃើញបុត្របណ្តូលចិត្តរបស់ទ្រង់ត្រូវបិតាប្រើពេជ្ឃឃាដ​សម្លាប់​ដូចនោះ ទ្រង់ទួញយំឥតស្រាកស្រាន្ត។ គួរឲ្យអនិច្ចាណាស់ ព្រះពោធិសត្វកាលត្រូវពេជ្ឃឃាដចង​ទម្លាក់ចូលទឹកមិនស្លាប់ទៀត ព្រះវិមលរាជក៏ប្រើពេជ្ឃឃាដចងរាជកុមារ នឹងដុំថ្មធំៗទម្លាក់ចូលទឹក​ជម្រៅ ២០០០ព្យាមទៀត។ ពេលរាជកុមារធ្លាក់ចូលទឹក ធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាល ស្តេច​នាគក៏និម្មិតផ្កាឈូកក៏ធំទ្រទទួលព្រះរាជកុមារខ្យងស័ង្ខ រួចនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ ហើយស្តេចនាគទ្រង់សព្វព្រះទ័យខ្លាំងណាស់។ តែខ្យងស័ង្ខមិនអាចគង់នៅជាមួយបានឡើយ ស្តេចនាគក៏និម្មិតសំពៅមាសមួយរចនាដោយគ្រឿងលម្អ មានប្រដាប់ប្រដាប្រើប្រាស់សព្វបែប​យ៉ាង ដាក់រាជកុមារសំដៅនគរយក្ស ដើម្បីឲ្យនាងពន្ធរសចិញ្ចឹម។ សំពៅនោះអណ្តែតបានមួយខែ​កន្លះមកទើនឹងកន្លែងឥសី។ ខ្យងស័ង្ខក៏បានរៀបរាប់ពីដំណើរ​ដើមទងប្រាប់តាបសៗក៏បានជូនពរ​សព្វសាធុការដល់ខ្យងស័ង្ខ និងបានយកឈើច្រត់រុញសំពៅមានល្បឿនលឿនពេកក្រៃដល់នគរ​តាលវ័ន។ ពួកយក្សប្រុងចាប់រាជកុមារស៊ីជាចំណី ប៉ុន្តែយក្សទាំងនោះលិចទឹកក្ស័យជន្មអស់ ១៩០០០នាក់។ ដំណឹងនេះបានលឺដល់នាងពន្ធរស នាងក៏ឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជ​កុមារ។ នាងពន្ធរសសព្វព្រះទ័យនឹងខ្យងស័ង្ខណាស់។ ជំងឺមិនឃ្លានអាហាររបស់យក្សពន្ធរសក៏​ស្រាប់តែជាសះស្បើយឡើងវិញ ព្រះនាងត្រេកអរណាស់ រឹតតែស្រឡាញ់រាជកុមារខ្លាំងឡើង។​ មុនពេលទៅរកចំណី នាងតែងផ្តាំបុត្រថាកុំឲ្យទៅលេងស្រះបោក្ខរណី រាជកុមារក៏លបលួចទៅ​លេង ឃើញមានស្រះមាស ស្រះប្រាក់។ ថ្ងៃក្រោយមកទៀតនាងបានផ្តាំទៅខ្យងស័ង្ខថាមិនឲ្យទៅ​លេងនៅប្រាសាទខាងលើ ព្រោះមានខ្មោចងោះ ដែលជាខ្មោចកាចសាហាវខ្លាំងណាស់ ប៉ុន្តែលើក​នេះក្រោយពីម្តាយខ្លួនចាកចេញទៅខ្យងស័ង្ខក៏បានឡើងទៅលើប្រាសាទ រួចឃើញស្រោមងោះ និងឈើច្រត់។ ខ្យងស័ង្ខក៏ពាក់ស្រោមងោះ ព្រមទាំងជិះឈើច្រត់ហោះលេង​លើ​អាកាស។ ការរស់​នៅរបស់ខ្យងស័ង្ខប្រព្រឹត្តទៅអស់រយៈពេល១០ឆ្នាំ ដោយការរស់នៅឆ្ងាយពីម្តាយ ដោយនឹករលឹក​ដល់ព្រះមាតាចន្ទទេវី ខ្យងស័ង្ខក៏សម្រេចចិត្តចាកចេញពីម្តាយធម៌។ តែមុនពេលចាកចេញខ្យង​ស័ង្ខក៏បានចុះទៅស្រង់ទឹកនៅក្នុងស្រះបោក្ខរណី ជាតិជាមាសបន្ទាប់មកពាក់ស្រោមងោះ ហើយ​យកស្បែកជើងកែងពាក់ និងឡើងគង់លើឈើច្រត់ ហើយចេញពីនគរយក្សទៅ។
យក្សពន្ធរសបានយាងមកពីប្រពាតព្រៃវិញមិនបានឃើញខ្យងស័ង្ខមកទទួលខ្លួនដូចសព្វដង ក៏គិតថាប្រហែលជាខ្យងស័ង្ខរត់ចោលខ្លួនក៏ហោះចេញតាមរក។ ពេលទៅតាមទាន់ក៏បបួលលួង​លោមឲ្យខ្យងស័ង្ខ​វិល​ត្រឡប់​មក​នគរ​វិញ ប៉ុន្តែខ្យងស័ង្ខមិនព្រម គឺគេប្តេជ្ញាថាទៅតាមរកមាតា​ចន្ទទេវី។ ដោយអស់មធ្យោបាយក្នុងការឃាត់ខ្យងស័ង្ខ ព្រះនាងក៏បានប្រាប់ពីវិធីប្រើប្រាស់វត្ថុអាថ៌​កំបាំងសក្តិសិទ្ធិទាំងបីដល់ខ្យងស័ង្ខ ហើយព្រះនាងបានបា្រប់ពីមន្តវិជ្ជាការហោះមហាចិន្តានូវ​សិល្ប៍សាស្ត្រដែលអាចហៅត្រី សត្វនានា និងសម្បត្តិកែវកងផ្សេងៗបាន បន្ទាប់​មក​ព្រះនាងក៏ដាច់​ខ្យល់ស្លាប់បាត់ទៅ។​ រាជកុមារក៏ប្រើខុនមារពលសេនាយក្សឲ្យលើកសពព្រះមាតាដាក់មឈូស​មាស ធ្វើបុណ្យតាមប្រពៃណី បូជាព្រះភ្លើង រួចរើសព្រះធាតុដាក់ក្នុងកោដិមាសតាំងក្នុងព្រះចេតិយ ហើយ​ក៏ក្រាបបង្គមលាបីដង។ ទ្រង់ក៏ឈរលើឈើច្រត់ ពាក់ស្រោមងោះហោះទៅលើអាកាស​ចេញពីនគរយក្សបាន៧ថ្ងៃដល់សាមលមហានគរ។
នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា ព្រះបាទសាមលរាជមានមហេ​សីព្រះនាម​សាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។ ដោយ​ទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវ​យកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ​។ ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយ​អង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។ ដោយទ្រង់​យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណា​មួយក្នុងចំណោមបុរសទាំង​អស់នោះ។ អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេង​ភ្លេងផង ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ ប៉ុន្តែព្រះ​​នាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅ​តែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់​គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។ នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យ​សេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។ គ្រាដែលមនុស្ស​ងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី មនុស្សងោះបានអធិដ្ឋានថា “ប្រសិនបើអត្មាអញ និងព្រះនាង​ពៅរចនាទេវី​ជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ”។ ពេលនោះព្រះ​នាងពៅរចនាទេវីបានយល់នូវរូបព្រះអង្គដែលនៅក្នុងស្រោមងោះជាបុរសដែលមានរូបឆោមលោម​ពណ៌ស្រស់ត្រកាល ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយការកាន់នូវកម្រងផ្កាយកទៅបំពាក់​លើ​ដៃ​ចៅ​ងោះ​។ ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ និងរាស្ត្រមានការភ្ញាក់ផ្អើល និង​សើចចំអកជាខ្លាំង នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។ ដោយខ្មាស់គេ​ខ្លាំងពេកទ្រង់ក៏បានបញ្ជាឲ្យអាមាត្យ​សង់លំនៅដ្ឋានឲ្យអ្នកទាំងពីរនៅក្រៅនគរ។ ចំណែកខ្យងស័ង្ខ​ជារៀងរាល់យប់ស្ងាត់តែងតែដោះស្រោមងោះដើម្បីផ្ទំជាមួយភរិយា លុះព្រឹកឡើងទើបពាក់ស្រោម​ងោះដូចដើមវិញ។ ដោយទ្រាំនឹងការ​ដៀល​ត្មិះ​ពី​សំណាក់មាតាបិតា និង​បងៗមិនបាន ព្រះនាងពៅ​រចនាទេវីទ្រង់ព្រះរាជតម្រិះថា ព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាត ហើយអ្វី​ដែលគេឃើញនេះគ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះ ហេតុនេះនៅរាត្រីនេះ​ពេលទ្រង់ឡើងមកផ្ទំជាមួយអញស្កប់ស្កល់ហើយ អញនឹងលួចយកស្រោម​ងោះនោះទៅ​ដុត​បំផ្លាញចោល។ ពេលរាត្រីបានមកដល់ព្រះនាងពៅរចនាបានយកស្រោមងោះទៅវាយនឹងអង្រែ រួចហើយ​យកទៅដុតចោល ប៉ុន្តែដោយតេជះនៃស្រោមងោះមិនបានធ្វើឲ្យស្រោមងោះវិនាសទេ នៅ​ពេលព្រះស័ង្ខភ្ញាក់ពីដំណេកដូចសព្វមួយដងព្រះអង្គរកស្រោមងោះរបស់ព្រះអង្គ ប៉ុន្តែអ្វីដែល​ធ្វើឲ្យព្រះអង្គនឹកស្មានមិនដល់គឺការ​ទត​ឃើញពៅរចនាកំពុងបំផ្លាញនូវស្រោមងោះនោះចោល ចាប់ពីថ្ងៃនោះមកមិនថាយប់ ឬថ្ងៃព្រះស័ង្ខពុំដែលដោះស្រោមងោះម្តងណាឡើយ។
ចំណែកព្រះបាទសាមលរាជ ដោយភាពស្អប់ខ្ពើមចំពោះចៅងោះខ្លាំងពេក ព្រះអង្គបានរិះរក​គ្រប់មធ្យោបាយដើម្បីសម្លាប់ចៅងោះចោល ដើម្បីឲ្យព្រះនាងពៅរចនាអាចទទួលបានស្វាមីថ្មី​ដែលសក្តិសមនឹងព្រះនាង។ ព្រះអង្គបានឲ្យបុត្រាសុណិសារបស់ព្រះអង្គទាំងអស់ចេញទៅរកសត្វ​ព្រៃ បើបុត្រាណារកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់។ បុត្រប្រសារទាំងប្រាំមូយម្នាក់ៗសុទ្ធ​តែ​មានពលសេនា លើកលែងតែចៅងោះស្វាមីពៅរចនា​ដែលគ្មានពលសេនាសូម្បីតែម្នាក់។ នៅពេល​ដឹងដំណឹងនេះភ្លាម ព្រះនាងពៅរចនាបានពានាំដំណឹងនេះ​មកថ្លាថ្លែងប្រាប់ស្វាមី។ ដោយក្តីអា​ណិតចំពោះភរិយា ព្រះស័ង្ខក៏ដោះនូវស្រោមងោះចេញ ហើយហោះសំដៅទៅកណ្តាលទីព្រៃ។ ក្រោមម្លប់ជ្រៃ ព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនូវសត្វម្រឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក។ ចំណែកបុត្រប្រសារផ្សេងៗសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយ ហើយខ្លះក៏ខូចស្អុយរលួយអស់​ទៅ​ហើយ ព្រមទាំងត្រូវចាញ់ប្រាជ្ញរបស់ចៅងោះ ដោយសុខចិត្តកាត់ច្រមុះខ្លួនឯងដើម្បីប្តូរយកសត្វ​ព្រៃ។ ដោយ​សារការអសមត្ថភាពរបស់បុត្រប្រសារទាំងប្រាំមួយធ្វើឲ្យព្រះបាទសាមលរាជទ្រង់​ខ្ញាល់យ៉ាងខ្លាំង។ លើកទីពីរ ទ្រង់បានបញ្ជា​ឲ្យបុត្រប្រសារទាំងអស់ចេញទៅរកត្រីម្តង។ លើកនេះ​បុត្រប្រសារទាំងប្រាំមួយទទួលបានសុទ្ធតែត្រីងាប់ទាំងអស់ ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់​ខ្លួនឯងដែលជាហេតុធ្វើឲ្យព្រះបាទសាមលរាជខ្ញាល់នឹងបុត្រប្រសារទាំងប្រាំមួយរបស់ព្រះអង្គម្តង​ទៀត។
លុះព្រឹកស្អែកឡើង ព្រះបាទសាមលរាជទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រ​ទាំងអស់រៀបចំស្វាមីរបស់ខ្លួនឲ្យបានស្អាតបាទប្រដាប់ដោយគ្រឿងអលង្កការផ្សេងៗ។ ក្រោយពី​ទទួលដំណឹងនេះភ្លាមបុត្រីទាំងប្រាំមួយក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងៗខ្លួន។ ព្រះស័ង្ខដែលស្ថិតក្នុងស្រោមងោះ មិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់ ឬទោះជាព្រះនាងពៅរចនា​ទេវី​យំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកព្រះទ័យទុក​ដាក់ដែរ។ ដោយមិនអាចធ្វើឲ្យស្វាមីយល់ និង​ធ្វើតាមបំណងរបស់ខ្លួនបាន ព្រះនាងពៅរចនាទេវីក៏បានទៅក្រាបសុំក្តីសន្តោសពីព្រះបិតា។ ផ្ទុយ​ទៅវិញ ព្រះបាទសាមលរាជទ្រង់ខ្ញាល់នឹងព្រះនាងពៅរចនា និងស្វាមីកាន់​តែខ្លាំងឡើងៗ​រហូត​ដល់ចង់សម្លាប់ព្រះនាង និងស្វាមីចោល។ ពេលព្រះនាងវិលមកលំនៅដ្ឋានវិញ ព្រះនាងបាន​រៀប​រាប់នូវព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមី។ ទោះបីព្រះស័ង្ខមានក្តីអាណិតអាសូរដល់ព្រះមហេសី​ទ្រង់យ៉ាងណាក៏ដោយ តែដោយកាតព្វកិច្ច និងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេច​ទ្រង់ក៏លាក់នូវក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រិះ។ ចំណែកព្រះនាងពៅរចនាទេវី ដោយមិន​អាចសុំសេចក្តីសន្តោសពីព្រះស្វាមីបាន​ ចាប់តាំងពីពេលនោះមកអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរ​យប់ព្រះនាងមិនបានបរិភោគអាហារ ព្រះនាងព្រះកន្សែងរៀងរាល់ថ្ងៃរហូតដល់សន្លប់ នៅពេល​ភ្ញាក់ពីការសន្លប់ព្រះនាងមានព្រះបន្ទូលថា “ព្រះស្វាមីអូនលាហើយ”​ មានព្រះបន្ទូលតែប៉ុណ្ណោះ ព្រះនាងក៏ក្ស័យជន្មាបាត់ទៅ។
នៅពេលដែលព្រះនាងពៅរចនាទេវីសោយទីវង្គត ភាពកក្រើក និងក្តៅក្រហាយកើតមានដល់​ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏បើកទិព្វចក្ខុទតមកកាន់សាមលបុរីរួចក៏យល់អស់នូវសេចក្តី។ ព្រះឥន្ទ្ររិះរក​នូវដំណោះស្រាយដើម្បីស្រាយចំណងក្នុងចិត្តរបស់ព្រះស័ង្ខ និងធ្វើឲ្យព្រះនាងពៅរចនាមានព្រះ​ជន្មឡើងវិញ។ ព្រះឥន្ទ្របានត្រាស់បង្គាប់​ឲ្យព្រះពិស្ណុកាប្រែកាឡាជាទូតទៅសុំប្រកួតល្បែងវាយ​ឃ្លី​ជាមួយព្រះបាទសាមលរាជ រីឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរ។ ព្រះបាទសាមលរាជមានការភិត​ភ័យជាខ្លាំងចំពោះដំណឹងនេះ។ ព្រះបាទសាមលរាជបានគម្រាមបុត្រប្រសារទាំងឡាយថានឹង​ទទួលទោសស្លាប់ បើពុំបានទទួលជោគជ័យក្នុងការប្រកួត។ ថ្ងៃប្រកួតបានមក​ដល់។ ដោយ​អំណាចតេជះរបស់ព្រះឥន្ទ្រ បុត្រប្រសាររបស់ព្រះបាទសាមលរាជទាំងប្រាំមួយគ្មានម្នាក់ណាអាច​យកឈ្នះព្រះឥន្ទ្រឡើយ។ ដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រ សេចក្តីអស់សង្ឃឹមបាន​ចូលមកគ្រប​ដណ្តប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមលរាជ។ កាលនោះព្រះអគ្គមហេសីសាមល​រាជក្សត្រីពុំភិតភ័យឡើយ និងលើកទឹកចិត្តព្រះស្វាមីកុំឲ្យអស់សង្ឃឹម ហើយក៏បានរំលឹកដល់កម្លាំង​ពលំរបស់ចៅងោះបុត្រប្រសារ​ពៅ និងស្នើសុំឲ្យព្រះអង្គហៅចៅងោះមកសាកស្នាដៃជាមួយក្សត្រ​អង្គនេះ (ព្រះឥន្ទ្រ)។ ដោយគ្មានជម្រើស ព្រះ​បាទ​សាមលរាជក៏អនុញាតឲ្យអគ្គមហេសីទៅកោះ​ហៅបុត្រប្រសារពៅ គឺចៅងោះមកសាកល្បងប្រកួត។ ពេលទៅ​ដល់​លំនៅរបស់ព្រះនាងពៅរចនា ព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេក ដោយសារការចូលទិវង្គត់របស់បុត្រីជាទីស្រឡាញ់។ ក្រោយពេលនាងពៅរចនាដឹងព្រះកាយវិញ ព្រះមាតាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួត​វាយឃ្លី ហើយសុំស្នើឲ្យព្រះស័ង្ខទៅចូលរួមប្រកួតវាយឃ្លីនោះ។ ព្រោះតែភាពស្មោះត្រង់របស់ព្រះ​នាងពៅរចនា រួមនឹងក្តីអាណិតអាសូរផង ហើយនឹងភាពវឹកវរដល់ព្រះនគរផង ព្រះស័ង្ខក៏យល់​ព្រម​ទទួលយកសំណើររបស់ព្រះនាងពៅរចនា និងព្រះមាតា ដោយព្រមដោះស្រោមងោះចេញ ហើយ​ទៅប្រកួតវាយឃ្លីនោះ។​ ក្នុងរូបរាងពិបប្រាកដ ព្រះស័ង្ខបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់​អាចបំផុត។ ក្នុងការប្រកួតនេះអស់បណ្តាទេវតាទាំងពួងបានចុះមកអបអរសាទរជាច្រើន។ ជ័យ​ជំនះធ្លាក់ទៅលើព្រះស័ង្ខ។ ក្រោយការប្រកួត ដោយសារភាពអង់អាច និងរូបសម្បត្តិដ៏ល្អល្អះរបស់​ព្រះស័ង្ខធ្វើឲ្យព្រះបាទសាមលរាជមានការពេញចិត្តជាខ្លាំងទៅលើព្រះស័ង្ខ ទ្រង់បានប្រគល់រាជ​សម្បត្តិទៅព្រះស័ង្ខជាបុត្រប្រសារ ហើយអភិសេកព្រះនាងពៅរចនាជាព្រះរាជអគ្គមហេសីដែល​មានកិត្តិយសលើសអស់បងៗព្រះនាង។
ថ្លែងពីព្រះបាទវិមលរាជនៅនគរសោឡស ក្នុងរាត្រីថ្ងៃមួយ ព្រះឥន្ទ្របានតំណែងខ្លួនជាអសុរ​ទៅពន្យល់សប្តិព្រះបាទយសវិមលរាជ ដៃកាន់ដំបងប៉ុនដើមត្នោត ស្រែកសន្ធប់ទៅកាន់ព្រះបាទ​វិមលរាជថាជាស្តេចល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ ជឿតាមពាក្យញុះញង់នាងឆន្ទាកំណាច។ បើស្តេច​មិនទៅយាងព្រះនាងចន្ទទេវីចូលព្រះនគរវិញទេ ៧រាត្រីទៀតនឹងវាយបំបែកក្បាលជា៧ចំណែក។ ហើយព្រះឥន្ទ្រប្រាប់ថាខ្យងស័ង្ខកុមារមិនស្លាប់ទេ ឥឡូវកំពុងសោយរាជ្យនៅសាមលមហានគរ។
លុះព្រឹកឡើង ព្រះបាទយសវិមលរាជរូតរះម្នីម្នារៀបចំជាក្បួនដង្ហែទៅទទួលព្រះនាងចន្ទទេវីមក​កាន់ព្រះរាជនគរវិញ។ ដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូលព្រះរាជនគរវិញរបស់ព្រះ​នាងចន្ទទេវី ព្រះបាទ​យសវិមលរាជទ្រង់ឆ្វេងយល់ថា ដោយសារតែនាងឆន្ទា និងយាយស្មេធា ដែលរួមគំនិតគ្នាក្នុងការធ្វើស្នេហ៍ដាក់ទ្រង់ និងមានគំនិតមិនល្អចំពោះព្រះនាងចន្ទទេវី ទ្រង់បាន​បញ្ជាឲ្យសេនាចាប់ខ្លួនអ្នកទាំងពីរយកទៅប្រហារជីវិតដោយឲ្យដំរីចុះប្រេងជាន់ស្លាប់។ ព្រះបាទ​យសវិមលរាជបានទៅទទួលព្រះនាងចន្ទទេវីម្តងទៀត ដោយការអង្វរ​ករព្រះនាងចន្ទទេវីក៏យល់​ព្រមយាងចូលព្រះរាជនគរវិញ តែមុននឹងព្រះនាងយាងចូលនគរវិញ ព្រះនាងបានធ្វើការសម្តែង​នូវ​ភាពបរិសុទ្ធរបស់ទ្រង់ចំពោះព្រះស្វាមី ដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំ។ ភាព​អស្ចារ្យបានកើតឡើង ភ្លើងក្លាយទៅជាផ្កាឈូកទ្រព្រះបាទព្រះនាង ព្រះកាយព្រះនាងបានប្រែជា​ស្រស់ស្អាតដូច​ស្រីសួគ៌។ ឃើញភាពអស្ចារ្យបែបនេះព្រះបាទយសវិមលរាជរឹតតែមានចិត្តអាណិត​ និងស្រឡាញ់ព្រះមហេសី​កាន់តែខ្លាំងឡើង។ ក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញ ព្រះបាទ​យសវិមលរាជ និងព្រះមហេសី បាន​ក្លែងព្រះកាយជារាស្ត្រដើម្បីចូលទៅនគរដែលព្រះស័ង្ខទ្រង់​គ្រងរាជ្យ ហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់​ផង។ ដោយសារតែមានការលំបាកក្នុងការទៅជួប​ព្រះស័ង្ខ ព្រះនាងចន្ទទេវីបានបន្លំធ្វើជាចុងភៅ។
សម័យថ្ងៃមួយ ព្រះនាងចន្ទទេវីបានរៀបចំព្រះស្ងោយសម្រាប់ព្រះស័ង្ខ ដោយទ្រង់បានចិតបន្លែ​ជាដំណើររឿងដែលទ្រង់បានបែកពីបុត្រ។ កាលបើបានឃើញនូវព្រះស្ងោយហើយ ព្រះស័ង្ខបាន​ប្រញាប់ទៅជួបព្រះមាតាភ្លាមមដោយក្តីនឹករលឹក ទ្រង់ទាំងពីរបានក្ស័យព្រះជន្មាទៅ។ ឃើញដូច​នេះព្រះនាងពៅរចនាទេវីបាន​សោយ​សោករហូតដល់ក្ស័យព្រះជន្មាទៅតាមដែរ។ ស្ថានភាពនេះ​បានធ្វើឲ្យមានភាពរង្គោះរង្គើ និងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជ ហើយទ្រង់ក៏បានយាងចុះមក​ប្រស់ព្រំជីវិតក្សត្រទាំងបីឲ្យមានព្រះជន្មវិញ។ ក្រោយទ្រង់ដឹងព្រះកាយវិញ ព្រះនាងចន្ទទេវីបាននាំ​ព្រះស័ង្ខទៅជួបព្រះបាទយសវិមលរាជជាបិតា ហើយបានពន្យល់នូវហេតុការណ៍ផ្សេងៗឲ្យព្រះ​ស័ង្ខបានយល់នូវដំណើររឿងទាំងឡាយ។ រឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺ ព្រះស័ង្ខត្រូវឡើង​គ្រងរាជ្យបន្តពីព្រះបិតា។ ក្រោយឡើងគ្រងរាជ្យរបស់ព្រះស័ង្ខ ព្រះបាទយសវិមលរាជបានរៀបចំ​ឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទីពីរ ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថា សុវណ្ណធីតា។ ក្រោមការគ្រប់គ្រងរបស់ព្រះស័ង្ខ ឬព្រះបរមឧត្តមពោធិសត្វនគរទាំងពីរទទួលបាន​នូវក្តីសុខសន្តិភាព ទាំងនគរ ទាំងក្រុមគ្រួសារ។ បីឆ្នាំក្រោយមកព្រះមហសីទាំងពីរបានប្រសូតបុត្រ​ម្នាក់មួយ ព្រះនាងពៅរចនាទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលោមពណ៌ដ៏​ត្រកាល រីឯព្រះនាងសុវណ្ណធីតាប្រសូត​បានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោ​ភាប្រៀបបានស្រីសួគ៌ា។ ក្រោយមកព្រះស័ង្ខបានរៀបអភិសេកទ្រង់ទាំងពីរ ហើយប្រគល់រាជ​សម្បត្តិនៅសាឡសមហានគរឲ្យបុត្រទាំងពីរ។ ព្រះខ្យងស័ង្ខក៏បានរៀបអភិសេកព្រះរាជអគ្គមហេ​សីរចនាទេវីជាធំលើសក្សត្រី។ សោយរាជ្យអស់កាលយ៉ាងយូរ ព្រះជន្មបានមួយរយដប់ព្រះវស្សា​ទ្រង់បានសោយទិវង្គត់ ហើយបានឡើងទៅកាន់វិមានតុសិតសួគ៌ាជួបជុំព្រះមហេសី​ និងព្រះមាតា​របស់ទ្រង់។ ការយោនយកកំណើត នាងឆន្ទាចាប់ជាតិជាប្រពន្ធទេវទត្ត។ ស្មេធាចាប់ជាតិជាសាត្រី ឬសារវន្ទ្រីយ៍។ យក្សពន្ធរសចាប់ជាតិជានាងពៃសាខា។ ព្រះបាទសាមលរាជចាប់ជាតិជាព្រះមហា​អានន្ត។ ព្រះបាទយសវិមលរាជចាប់ជាតិជាព្រះសុទ្ធោទន៍។​ ចន្ទទេវីយកជាតិជាព្រះនាងសិរិមហា​មាយា។ រចនាទេវី យកជាតិជានាងពិម្ពា។ សុវណ្ណធីតាយកជាតិជានាងសុជាតា។ សុវណ្ណកុមារយក​ជាតិជារាហុលកុមារ។ នាងសុវណ្ណទេវីយកជាតិជាឧប្ឃលវណ្ណា។ ឯសុវណ្ណខ្យងស័ង្ខ យកជាតិជា​ព្រះសិទ្ធាថ៌ គឺព្រះសម្មាសម្ពុទ្ធ៕
ប្រធានរឿង៖ និយាយពីដំណើរជីវិត របស់ព្រះពោធិសត្វដែលបានយោនយកកំណើតជាខ្យង​ស័ង្ខ។មូលបញ្ហារឿង៖ រឿងនេះមានបញ្ហាសំខាន់ៗដូចជា៖
ស្នេហា និងការប្រកាន់វណ្ណៈ ព្រហ្មវិហាធម៌ និងកតញ្ញូ ការលោភលន់នឹងអំណាចបុណ្យសក្តិ ការសរជាតិនៃតួអង្គ៕
Previous
Next Post »

1 comments:

Click here for comments
Anonymous
admin
March 22, 2022 at 9:58 PM ×

រឿងខ្យងស័ង្ខ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Now

>>>>> Download Full

រឿងខ្យងស័ង្ខ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download LINK

>>>>> Download Now

រឿងខ្យងស័ង្ខ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Full

>>>>> Download LINK

Congrats bro Anonymous you got PERTAMAX...! hehehehe...
Reply
avatar